ជីវិត​បត់​បែន

មាន​តែ​ការ​ប្រែ​ប្រួល​ទេ​ដែល​ឥត​ប្រែ​ប្រួល​ អ្វី​ៗ​គ្រប់​យ៉ាង​ក្នុង​លោក​នេះ​តែង​តែ​ប្រែប្រួល​ជា​និច្ច (ពុទ្ធោ​វាទ)។ នេះ​ជា​សច្ចភាព​នៃ​ជីវិត។​ គេ​គួរ​ចេះ​សង្កេត​មើល​ការ​ប្រែ​ប្រួល​ដែល​កើត​ឡើង​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ និង​ចេះ​សម្រប​ខ្លួន​ទៅ​តាម​សភាពជាក់​ស្តែង​នៃ​ជីវិត។ មនុស្ស​ដែល​មិន​ចេះ​សង្កេត​មើល​ការ​ប្រែប្រួល តែង​​គិត​ថា​អ្វី​ៗ​គ្រប់​យ៉ាង​នឹង​ស្ថិត​ស្ថេរ​ជានិច្ច​ ទីបំផុត​ទៅ ​ពួក​គេ​នឹង​​បាត់​បង់​ប្រយោជន៍​ក្នុង​ជីវិត​ដោយ​មិន​ដឹង​ខ្លួន ព្រោះមិន​អាច​បត់​បែន​ទាន់​សភាពការណ៍​បាន។ ក្នុង​សៀវភៅ​ Who moved my cheese ? (នរណា ​យក​ ឈីស ​របស់​ខ្ញុំ​ទៅ​ណា?) បណ្ឌិត​ ស្ពេនស័រ ចន​សុន​ បាន​លើក​យក​គោល​គំនិត​នៃ​ការ​បត់​បែន និង​ការ​ផ្លាស់​ប្តូរ​ខ្លួនឲ្យ​ទាន់​សភាពការណ៍​ មក​ពន្យល់​យ៉ាង​ច្បាស់​លាស់​តាមរយៈ​រឿង​និទាន​បែប​ប្រៀបធៀប​។ សៀវភៅ​ នរណា យក ឈីស របស់​ខ្ញុំ​ទៅ​ណា​? គឺ​ជា​សៀវភៅ​ដ៏​ល្បី​ល្បាញ​មួយ​ក្បាល​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​សៀវភៅ ​លក់​ដាច់​ជាង​គេ​បំផុត​ក្នុងលោក​ ដោយ​លក់​ដាច់​អស់​ជាង​
២៦ លាន​​ ក្បាល និង​ត្រូវ​បាន​បក​ប្រែ​ជាង​ ៣០ ភាសា​ នៅ​ទូទាំង​ពិភព​លោក​។ សាច់​រឿង​ទាំង​មូល​នៃ​សៀវភៅ​ នរណា ​យក​ ឈីស ​របស់​ខ្ញុំ​ទៅ​ណា?​  ​លើក​យក​តួ​អង្គ​ចំនួន​បួនមក​ធ្វើ​ជា​តំណាង។ តួ​អង្គ​ពី​រ​គឺ​ជា​សត្វ​កណ្តុរ និង​ តួ​អង្គ​ពីរ​ទៀត​ គឺ​ជា​មនុស្ស​ដែល​មាន​មាឌ​តូច​ប៉ុន​កណ្តុរ។ អ្នក​ទាំង​បួន​តែង​ចេញ​រក​​ឈីស​ជារៀង​រាល់​ថ្ងៃ​ក្នុង​ប្លុក​មួយ និង​តែង​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ពេល​ល្ងាច​ជាមួយ​នឹង​ឈីស​រៀង​ៗ​ខ្លួន។ តួរ​អង្គ​កណ្តុរ​មាន​ឈ្មោះ Sniff (ស្នីវ) និង​ Scurry (ស្គើរី) ជា​តួ​អង្គ​តំណាង​ឲ្យ​អ្នក​ដែល​ចេះ​សង្កេត​មើល​ការ​ប្រែ​ប្រួល​ និង​ហ៊ាន​ប្រថុយ​ផ្លាស់​ប្តូរ​។ តួ​អង្គ​មនុស្ស​មាន​ឈ្មោះ​ Haw (ហ) តំណាង​ឲ្យ​មនុស្ស​ដែល​ចេះ​រៀន​សូត្រ​និង​បត់​បែន​ទៅ​តាម​សភាពការណ៍​ជាក់​ស្តែង​ និង​ Hem (ហេម) តំណាង​ឲ្យមនុស្ស​ដែល​​មិន​ព្រម​ផ្លាស់​ប្តូរ​ព្រោះ​ខ្លាច​ថា​បើ​ផ្លាស់​ប្តូរ​ទៅ​នឹង​បណ្តាល​ឲ្យ​កាន់​តែ​អន់​ខ្សោយ​ជាង​មុន។​ ឈីស តំណាង​ឲ្យ​ផល​​ប្រយោជន៍​​ ដែល​មនុស្ស​ម្នាក់​ៗ​ប្រាថ្នា​ចង់​បាន​ ឧទាហរណ៍ មាស​ប្រាក់ បុណ្យ​សក្កិ​ សុខភាព សុភមង្គល​ ។ល។

ខ្លឹមសារ​សង្ខេប​

ជា​រៀង​រាល់​ថ្ងៃ​ ស្នីវ ស្គើរី  ហ និង ហេម តែង​ចេញ​ស្វែង​រក​ឈីស​ជាចំណី​។ ស្នីវ​ និង ស្គើរី គឺ​ជា​សត្វ​កណ្តុរ​ ដូច្នេះ​ពួក​គេ​ប្រើ​ប្រាស់​សភាវគតិ​ដើម្បី​ស្វែង​រក​ឈីស ពោល​គឺ​ជួន​ក៏​រក​ឃើញ​ជួន​ក៏​រក​មិន​ឃើញ។ បើ​ស្វែង​រក​ទី​នេះ​មិន​ឃើញ​ ពួក​គេ​ក៏​ស្វែង​រក​នៅ​ទីនោះ​ម្តង។ ហ និង ហេម គឺ​ជា​មនុស្ស​ ពួក​គេ​ពឹង​លើ​​ខួរ​ក្បាល និង​បទ​ពិសោធន៍​ ដើម្បីស្វែង​រក​ឈីស។  អ្នក​ទាំង​​បួន​ស្វែង​ក​ឈីស​ក្នុង​ប្លុក​មួយ​រួម​គ្នា​។

ស្នីវ​ និង ស្គើរី​ តែង​តែ​សង្កេត​មើល​សភាពប្រែ​ប្រួល​ក្នុង​ប្លុក​​ដែល​ខ្លួន​រក​ស៊ី​។ ថ្ងែ​មួយ​ពួក​គេ​សង្កេត​ឃើញ​ថា​ លែង​មាន​ឈីស​ទៀត​ហើយ​។ ដោយ​សារ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ពួក​គេ​បាន​ប្តូរ​ទៅ​រក​ឈីស​នៅប្លុក​មួយ​ផ្សេង​ទៀត​។

ចំណែក​ឯ ហ និង​ហេម វិញ​ ពុំ​ដែល​បាន​សង្កេត​មើល​សភាព​ប្រែ​ប្រួល​ជុំ​វិញ​ខ្លួន​ទេ​។ ពួក​គេ​​តែង​តែ​ទៅ​រក​ឈីស​នៅ​កន្លែង​ដដែល​ៗ​។ ពួក​គេ​មិន​ដឹង​ថា​ ឈីស​មក​ពី​ទី​ណា​និង​ដោយ​របៀប​ណា​ទេ​ គ្រាន់​តែ​ដឹង​ថា​ទៅ​នោះ​មាន​ឈីស​។ ពួក​គេ​តែង​តែ​រក​បាន​ឈីស​ជា​និច្ច ជា​ហេតុ​បណ្តាល​ឲ្យ​ពូក​គេ​គិត​ថា​នៅ​ប្លុក​នេះ​ឈីស​មិន​ចេះ​អស់​ទៅ​ណា​ទេ។ ពួក​គេ​មាន​អារម្មណ៍​ថា​ជីវិត​មាន​ស្ថេរភាព​។​ ដូច្នេះ​ទើប​ពូក​គេ​លែង​គិត​ត្រៀម​ខ្លួន​អ្វី​ទាំង​អស់​។ ថ្ងៃ​មួយ​ស្រាប់​តែ​.​.​.​ អ្នក​ទាំង​ពីរ​លាន់​មាត់​ស្រែក​ឡើង​ថា អស់​ឈីស​ហើយ​!!! នរណា​ យក ឈីស​ របស់​ខ្ញុំ​ទៅ​ណា​???អ្នក​ទាំង​ពីរ​ខំ​រក​សព្វ​ទិស​ទី​ក្នុង​ប្លុក​ តែ​រក​មិន​ឃើញ​ឈីស​ទាល់​តែ​សោះ។ ពួក​គេ​ខឹង​ឡើង​មុខ​ក្រហម​ រួច​ស្រែក​ថា​ មិន​យុត្តិ​ធម៌​ទេ​!!! ពួក​គេ​ចំណាយ​អស់​ជាយូរ​មិនដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ គឺ​បាន​តែ​ត្រឹម​សោក​ស្តាយ​ថា​ហេតុអ្វី​​បាន​ជា​បាត់​ឈីស​ទៅ​ណា​អស់​។ ពួក​គេ​ហេវ​ហត់​ អស់​កម្លាំង​ និង​បាក់​ទឹក​ចិត្ត។

ស្អែក​ឡើង​ ពូក​គេ​មក​រក​ឈីសម្តង​ទៀត​ ប៉ុន្តែ​គ្មាន​ប្រយោជន៍​ឡើយ​ សភាពការណ៍​នៅ​តែ​ដដែល គឺ​គ្មាន​ឈីស។ ពួក​គេ​គិត​ថា​ ឈីសរលាយ​​បាត់​ភ្លាម​ៗ​មិន​ដឹង​ទៅ​ណា (តែ​តាមការ​ពិត​ ឈីស​ កាន់​តែ​បាត់​បង់​ទៅ​ៗ​ជា​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​ពួក​គេ​មិនន​បាន​សង្កេត​មើល​​)​។ ជា​រៀង​រាល់​ព្រឹក​ ​ពួកគេ​ខំ​ចេញ​ទៅ​ស្វែង​រក​ឈីស​ រួច​​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ពេល​ល្ងាច​ ទាំង​បាត​ដៃ​ទទេ.​.​.​

ថ្ងៃ​មួយ​ ហ ហាក់​ដូច​ជា​ភ្ញាក់​ខ្លួន​ ដោយ​គិត​ថា​ យើង​ធ្វើ​កិច្ច​ការ​ដដែល​ៗ​ជា​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​មិន​បាន​ផល​អ្វី​សោះ​ ។ ហ និយាយ​ទៅ​កាន់​ ហេម សំលាញ់ យើង​ដូច​ជា​មិន​ដែល​ឃើញ​ ស្នីវ និង​ ស្គើរី សោះ​មួយ​រយៈ​នេះ​ ។ តើ​ពួក​គេ​បាន​ដឹង​រឿង​ថា​អស់​ឈីស​ដូច​យើង​ដែរ​ឬ​អត់​ ឬ​មួយ​ពួកគេ​ដឹង​មុន​យើង​ ហើយ​ទៅ​ណា​បាត់​?  ហ បបួល​ ហេម​ទៅ​រក​ឈីស​នៅ​កន្លែង​ផ្សេង​មួយ​ទៀត​។ ប៉ុន្តែ ហេម បដិសេធ​ ដោយ​នៅ​តែ​រក្សា​គំនិត​ថា​ថ្ងៃ​ណាមួយ​នឹង​មាន​ឈីស​ឡើង​វិញ​នៅ​ប្លុក​នេះ​។

ហ សម្រេចិត្ត​ទៅ​ស្វែងរក​ឈីស​នៅ​ប្លុក​ថ្មី​តែ​ម្នាក់​ឯង​។ ហ​ ចាប់​ផ្តើម​ដើរ​រក​ឈីស​តាម​ច្រក​របៀង​ និង​ដើរ​ឆ្ពោះ​ទៅ​រក​កន្លែង​ថ្មី​ដែល​ខ្លួន​មិន​ដែល​ទៅ​ទាល់​តែ​សោះ។ ដើរ​បណ្តើរ​គិត​បណ្តើរ​ ស្រាប់​តែ​ក្នុង​ចិត្ត​របស់​​ ហ ហាក់​ដូច​ជា​មាន​ពន្លឺ​អ្វី​ម្យ៉ាង ទោះបី​ ហ​ មិន​ទាន់​រក​ឃើញ​ ឈីស សូម្បី​តែ​មួយ​ដុំ​ក៏​ដោយ​។ ហ ចាប់​ផ្តើម​មាន​អារម្មណ៍​សប្បាយ​ពី​ខាង​ក្នុង​មក​។ អារម្មណ៍​សប្បាយ​នេះ​ គឺ​ដោយសារ​ ហ ដឹង​ថា​ខ្លួន​បាន​រួច​ពី​ចំណង​ចិត្ត រួច​ពី​សភាព​ភ័យ​ខ្លាច​ សភាព​ដែល​មិន​ហ៊ាន​ទៅ​រក​ឈីស​នៅ​កន្លែង​ថ្មី​ សភាព​ភ័យ​ខ្លាច​នេះ​ បាន​ចង​ ហ ឲ្យ​រស់​ក្នុង​​ជីវិត​មួយ​ដែល​មាន​សភាព​ដដែល​ៗ​។ ឥឡូវ​នេះ​ ហ បាន​ឆ្លង​ផុត​ពី​អារម្មណ៍​ភ័យ​ខ្លាច​នេះ​ហើយ ។ ហ ហាក់​បាន​ឃើញ​ពន្លឺ​ជិវិត​នៅ​ចំពោះ​មុខ។ ហ​ បន្ត​ដំណើរ​ទៅ​មុខ​ឥត​ឈប់​ឈរ​ ដើម្បី​ស្វែង​រក​ឈីស​នៅកន្លែង​ថ្មី។ .​.​.​ពិត​ជា​មាន​ឈីស​នៅ​កន្លែង​ថ្មី​មែន! ទី​បំផុត​ ហ បាន​រក​ឃើញ​ប្លុក​ថ្មី​ដែល​បរិបូណ៌​ទៅ​ដោយ​ឈីស​។ ហ​ ត្រេក​អរ​ឥត​ឧបមា​។ ហ​ កំពុង​តែ​សប្បាយ​នឹង​ ឈីស​ ស្រាប់​តែ​ ឃើញ​ ស្នីវ​ និង​ស្គើរី​ នៅ​ទៅ​នោះ​ដែរ។ ហ ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។ មក​ដល់​ពេល​នេះ​ ទើប ហ​ ដឹង​ថា​ស្នីវ និង​ស្គើរី បាន​រក​ឃើញ​កន្លែង​ថ្មី​នេះ​ ជាយូរ​មក​ហើយ​.​..។

ហ​ នឹក​គិត​ក្នុង​ចិត្ត​ និង​ស្ងើច​សរសើរ​ ចំពោះ​ ស្នីវ​ និង​ស្គើរី​ ដែល​ចេះ​រៀប​ចំ​ជីវិត​យ៉ាង​សាមញ្ញ​ និង​កែ​ប្រែ​ខ្លួន​ទៅតាម​សភាព​ជាក់​ស្តែង​។ ពួ​ក​គេ​ចេះ​បត់​បែន​យ៉ាង​ឆាប់​រហ័ស​។ ពួក​គេ​កត់​សម្គាល់​ការ​ប្រែ​ប្រួល​តាំង​ពី​នៅ​តិច​តួ​ច​នៅ​ឡើយ​ និង​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រែ​ប្រួល​ដ៏​ធំ។ ហ នឹក​ដល់​ ហេម​ ថា​ប្រសិន​បើ​ហេម​ព្រម​ផ្លាស់​ប្តូរ​​កន្លែង​ថ្មី​មុខ​តែ​គេ​សម​ប្រកប​ដូច​ខ្លួន​ដែរ​មិន​ខាន។ មាន​តែ​ហេម​ម្នាក់​គត់​ ដែល​អាច​កែ​ខៃ​ជីវិត​ខ្លួន​ឯង​បាន​។ ហ បាន​បន្សុល​ទុក​ដាន​ជា​ច្រើន​នៅ​លើ​ជញ្ជាំង​ ដោយ​សង្ឃឹម​ថា​ ហេម នឹង​អាច​រក​ឃើញ​កន្លែង​ថ្មី​ដែល​បរិបូណ៌​ទៅ​ដោយ​ឈីស​មួយ​នេះ.​.​.​។

វិភាគ​

ឆាក​ជីវិត​មនុស្ស​យើង​ដូច​គ្នា​នឹង​តួអង្គ​ទាំង​៤​ខាង​លើ​នេះ​ដែរ ជួន​កាល​​យើង​ជាស្នីវ ជួនកាល​យើង​ជា​ស្គើរី ជួន​កាល​យើង​ជា​ ហ និង​ជួន​កាល​យើង​ជា​ហេម។ យើង​ត្រូវ​ត្រៀមលក្ខណៈ​ជានិច្ច​ និង​សង្កេត​មើល​ការ​ប្រែ​ប្រួល​ជា​ប្រចាំ​។ មិន​ត្រូវ​ចាំ​រហូត​ទាល់​តែ​អស់​ ឈីស ទើប​ស្តាយ​ក្រោយ​នោះ​ទេ។ តើ​អ្វី​ខ្លះ​ជា​ ឈីស នៅ​ក្នុង​ឆាក​ជីវិត​របស់​អ្នក? ការងារ? មុខ​របរ? មុខ​តំណែង? បុណ្យ​សក្តិ? តើ​របស់ទាំង​នេះ​ស្ថិត​ស្ថេរ​ដល់​កម្រិត​ណា? តើ​គួរ​តែ​ផ្លាស់​ប្តូរ​ទៅ​កន្លែង​ថ្មី​មុនពេល​វត្ថុ​ទាំ​ងនេះ​បាត់​បង់​ទៅ ឬ​ត្រូវ​កែ​ខៃ​សភាពការណ៍​ដោយ​របៀប​ណា​?

By: Vora
Your Visit is Your Help

Reference: salarean.com
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment