មនោមយិទ្ធិ​ ប្រែ​ថា​អំណាច​របស់​ចិត្ត


មនោមយិទ្ធិ​ ប្រែ​ថា​អំណាច​របស់​ចិត្ត​ ឬ​សម្រេច​បាន​ដោយ​អំណាច​របស់​ចិត្ត។ សៀវភៅ​មនោមយិទ្ធិ​​ ជា​ប្រភេទ​ទស្សនវិជ្ជា​អប់​រំ​សាង​កម្លាំង​ដួង​ចិត្ត​។ សៀវភៅ​នេះ​និពន្ធ​ដោយ​ សាស្ត្រាចារ្យ ប៉ូល​ ហ្សារកូត៍​ និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ ដោយ​ ស៊ា ប៊ុនភេង បោះពុម្ព​ នៅ​ព.ស ២៥១៧ ត្រូវ​នឹង​ គ.ស
១៩៧៣។ បើ​តាម​ការ​អះ​អាង​របស់​អ្នក​និពន្ធ​ ជន​ទាំងឡាយ​ណា​ដែល​បាន​អនុវត្ត​ន៍​ ខ្ជាប់​ខ្ជួន​ តាម​គោលការណ៍​ណែនាំ​ក្នុង​សៀវភៅ​នេះ​ នឹង​ក្លាយ​ទៅ​ជាមនុស្ស​មាន​ចិត្ត​រឹង​ប៉ឹង​ អាច​បង្គាប់​ខ្លួន​ឯង​ អ្នក​ដទៃ និង​បញ្ជៀស​គ្រោះ​អាក្រក់​ដែល​បម្រុង​នឹង​កើត​មាន​ចំពោះ​ខ្លួន​បាន​ទៀត​ផង។ សៀវភៅ​មនោមយិទ្ធិ​ចែក​ចេញ​ជា​ ៤ ផ្នែក​សំខាន់​ៗ គឺ​ ផ្នែក​ទី​១ បក​ស្រាយ​អំពី​របៀប​ដាស់​ឲ្យ​មនោមយិទ្ធិ​កើត​ឡើង ផ្នែក​ទី​២ បក​ស្រាយ​អំពី​មនោមយិទ្ធិ​បង្គាប់​ខ្លួន​ឯង ផ្នែក​ទី​៣​ បក​ស្រាយ​អំពី​មនោមយិទ្ធិ​បង្គាប់​អ្នក​ដទៃ និង​ផ្នែកទី​​៤​ បក​ស្រាយ​អំពី​មនោមយិទ្ធិ​បង្គាប់​គ្រោះ​កម្ម​។

គេហទំព័រ​សាលារៀន សូមលើក​យក​តែ​ផ្នែក​ទី១​ គឺ​ការ​ដាស់​មនោមយិទ្ធិ​ឲ្យ​កើត​ឡើង មក​បង្ហាញ​នៅ​ទី​នេះ​សម្រាប់​ជា​គតិ​ពិចារណា​។

ការ​ហ្វឹកហាត់​ដាស់​មនោមយិទ្ធិ​ឲ្យ​កើត​ឡើង​

មនោមយិទ្ធិ​តែង​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស​ទូទៅ​រួច​ជា​ស្រេច​ហើយ បើ​មិន​តិច ឬ​ក៏​ច្រើន​ដែរ​។ មនោមយិទ្ធិ​ជា​វិជ្ជា​ដ៏​មាន​តម្លៃ​ មិន​ចេះ​ខូច​ខាត​ មិនចេះ​បាត់​បង់​ កាលណា​គេ​ដាស់​ឲ្យ​កើត​មាន​ហើយ​ មនោមយិទ្ធិ​នឹង​ស្ថិត​នៅ​ក្នុង​ខ្លួន​បុគ្គល​នោះ​ជាប់​ជានិច្ច។ ប្រយោជន៍​ដែល​បាន​មក​ពី​មនោមយិទ្ធិ​ មាន​តម្លៃ​ធំ​ឥត​គណនា​។ វិធី​បណ្តុះ​មនោមយិទ្ធិ​ឲ្យ​កើត​ឡើង​មាន​ជា​ថ្នាក់​ៗ​ដូច​តទៅ​៖
  1. រៀបការ​គិត​ឲ្យមាន​របៀប
  2. ហាត់​ចិត្ត​ឲ្យ​ក្លៀវ​ក្លា
  3. បំរុង​រាង​កាយ
  4. បង្កើន​ការ​ខ្លាំង​ក្លា​នៃ​ខ្យល់​ដក​ដង្ហើម​
  5. បំរុង​សសៃ​ប្រសាទ​
  6. ហាត់​ចិត្ត​ឲ្យ​ជា​សមាធិ​
  7. ហាត់​ប្រើ​ការ​គិត​ប្រកប​ខ្សែ​ភ្នែក
  8. រក្សា​ទុក​មនោមយិទ្ធិ​ដែល​កើត​មាន​ហើយ​

រៀបការ​គិត​ឲ្យ​មាន​របៀប​

មូល​ហេតុ​ដែល​គេ​ត្រូវ​រៀប​ការ​គិត​ឲ្យ​មាន​របៀប​ព្រោះ​ថា​ មនោមយិទ្ធិ​កើត​ឡើង​អាស្រ័យ​ដោយ​ចិត្ត​រឹង​ប៉ឹង មាន​របៀប​រៀប​រយ​។​ ចិត្ត​រាយ​មាយ​ មាន​ផល​វិបាក​ច្រើន ចិត្ត​រៀប​រយ​ទើប​អាច​សាង​មនោមយិទ្ធិ​បាន​ ប្រៀប​ដូច​ជា​ទាហាន​ដែល​មាន​វិន័យ​ ១០០ នាក់​ អាច​យក​ឈ្នះ​ ទាហាន​ដែល​គ្មាន​វិន័យ​ ១០០ នាក់​ទៀត​បាន​យ៉ាង​ប្រាកដ។ ទ្រព្យ​សម្បត្តិ​ដែល​គេ​ទុក​ដាក់ដោយ​មាន​របៀប​រៀប​រយ​តែង​​គង់​នៅ​​បាន​យូរ​។ រៀប​ការគិត​ឲ្យ​មាន​របៀប​មាន​ន័យ​ថា បង្គាប់​ចិត្ត​ឲ្យ​គិត​ក្នុង​រឿង​ដែល​ត្រូវ​គិត ត្រូវការ​ស្រាយ​បញ្ហា​ត្រូវ​ការ​ផល​សម្រេច កាល​ណា​ចិត្ត​ហោះ​ហើរ​ទៅ​រឿង​ដទៃ​ត្រូវ​ទាញ​ត្រឡប់​មក​វិញ​។ កាល​បើ​ធ្វើ​បាន​ដូច្នេះ​ចិត្ត​នឹង​ស្រស់​បស់​ រឹង​ប៉ឹង​មាន​ទម្ងន់ នេះ​ជា​គុណ​សម្បត្តិ​ជាន់​ដំបូង​នាំ​ទៅ​កាន់​មនោមយិទ្ធិ​ ហើយ​ជា​ប្រការ​សំខាន់​មុន​គេ​ដែល​ត្រូវ​ហ្វឹក​ហាត់​ក្នុង​ការ​ស្វែង​រក​អំណាច​ឲ្យ​ដល់​ដួង​ចិត្ត។

ហាត់​ចិត្ត​ឲ្យ​ខ្លាំង​ក្លា

យើង​ត្រូវ​គិត​ជាប់​ជានិច្ច​ដូច​ខាង​ក្រោម​

យើង​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ មិន​ថា​ពេល​ណា​ ហេតុការណ៍​ណា​ក៏ដោយ យើង​នឹង​ទុក​ចិត្ត​ខ្លួន​ឯង​ជានិច្ច
យើង​ត្រូវ​សង្កត់​ការ​តក់​ស្លុត ការ​ភ្ញាក់​ផ្អើល​ និង​សង្កត់មិន​ឲ្យ​ភ័យ​រំភើប​ចំពោះ​ខ្លួន​ឯង​
យើង​ត្រូវ​ការ​ធ្វើ​ឲ្យ​ដួង​ចិត្ត​របស់​យើង​ស្រស់​ថ្លា​ មិន​ល្អក់​កករ​ និង​ជា​នាយ​លើ​ខ្លួន​ឯង​មិន​ថា​ចំពោះ​នរណា​ៗ
យើង​ត្រូវ​ការ​បណ្តុះ​និស្ស័យ​របស់​យើង​ ឲ្យ​ឡើង​កាន់​ថ្នាក់​ខ្ពស់​បំផុត​ ត្រឹម​ស្មើ​ជន​ដទៃ​ដែល​មាន​និស្ស័យ​ល្អ​បំផុត​
យើង​នឹង​បង្គាប់​ខ្លួន​ និង​បង្គាប់​ចិត្ត​របស់​យើង​ មិន​ព្រម​ឲ្យប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​ដែល​នឹង​នាំ​ឲ្យ​យើង​ដើរ​ចេញ​ទៅ​ក្រៅ​ផ្លូវ​ដែល​យើង​ប៉ង​
យើង​ត្រូ​វ​ពិចារណា​ឲ្យ​ល្អិត​ល្អន់​ មុន​នឹង​ផ្ចង់​ចិត្ត​យល់​ព្រម​តាម​ការ​គិត​ ការ​យល់​ឃើញ​ណាមួយ​ ឬ​មាន​នរណាម្នាក់​ប្រាប់​យើង​ ឬ​ដែល​យើង​បាន​អាន​ពី​សៀវភៅ​
យើង​មាន​សេចក្តីមានះ មាន​មនោមយិទ្ធិ​ ដែល​អាច​បង្គាប់​បុគ្គល​ ឬ​ហេតុការណ៍​ទាំង​ឡាយ​បាន​


លោក​អ្នក​ប្រាជ្ញខ្លះ​ប្រដៅ​ថា​ ឲ្យ​យើង​សរសេរ​ចំនុច​ដែល​យើង​ត្រូវ​ការ​ផ្លាស់និស្ស័យ​របស់​យើង ទុក​ក្នុង​ទី​ណា​មួយ​ឲ្យ​យើង​មើល​ឃើញ​ច្បាស់​។ ការ​ហាត់​មនោមយិទ្ធិ​ ទាម​ទារ​នូវ​សេចក្តី​ស្មោះ​ត្រង់​ ពោល​គឺ​ទាំ​ងសម្តី​និង​ការ​គិត​ ត្រូវ​ធ្វើ​ឡើង​ដោយ​សុទ្ធ​ចិត្ត​ ដោយ​ស្មោះ​ត្រង់​បំផុត​ មិនមែន​ធ្វើ​ជា​នាម​ៗ​ឲ្យ​តែ​បាន​នោះ​ទេ​។ គេ​មិន​អាច​សាង​គុណ​សម្បត្តិ​ដល់​ដួង​ចិត្ត​បាន​ទេ​ ប្រសិន​បើ​គេ​ក្បត់​សូម្បី​តែ​ខ្លួន​ឯង​។ នេះ​ជា​លំដាប់​ប្រតិបត្តិ​ថា្នក់​ទី​២ នាំ​ទៅ​រក​មនោមយិទ្ធិ។

បំរុង​រាង​កាយ

មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា​ មនោមយិទ្ធិ​ ទាក់ទង​តែ​នឹង​ចិត្ត​តែ​ប៉ុណ្ណោះ​ មិន​ពាក់​ព័ន្ធ​ជាមួយ​រាង​កាយ​ទេ​។ នេះ​ជា​ការ​យល់​ឃើញ​ខុស​ឆ្គង។ មនោមយិទ្ធិ​ កើត​ឡើង​អាស្រ័យ​ដោយ​ធាតុ​ផ្សំ​ ២​ យ៉ាង​ គឺ​ ដួង​ចិត្ត​ល្អ និង​រាងកាយ​មាំទាំ។ វិធី​ប្រតិបត្តិ​ដើម្បី​ឲ្យ​រាង​កាយ​មាន​ភាព​បរិបូណ៍​មាន​ ៣ ប្រការ​៖
  1. រឿង​អាហារ​៖ ជាការ​ចាំ​បាច់​ត្រូវ​ទទួល​ទាន​តែ​របស់​ដែល​ងាយ​រលាយ​មិន​ឲ្យ​ទោស​ដល់​រាង​កាយ​ វៀរចា​សុរា​មេរ័យ​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​រាងកាយ សសៃ​ប្រសាទ​និង​បេះ​ដូង​។
  2. រឿង​ដំណេក៖ ជាការចាំ​បាច់​ដែល​មនុស្ស​យើង​ត្រូវ​ការ​ដេក​លក់​មួយ​ថ្ងៃ​ ៨ ម៉ោងយ៉ាង​តិច​ ដំណេក​លក់​ជា​ការ​ដែលរាង​កាយ​និង​ចិត្ត​របស់​មនុស្ស​បាន​ទទួល​ការ​សម្រាក​យ៉ាង​ប្រសើរ​ ដើម្បី​ឲ្យ​មាន​កម្លាំ​ងធ្វើការ​នៅ​ថ្ងៃ​បន្ទាប់​ទៀត​។ ៨ ម៉ោង​នេះ​ មាន​ន័យ​ថា ៨​ម៉ោង​ជាប់​ៗ​គ្នា​ មិន​មែន​យប់​៤ម៉ោង​ ព្រឹក​២​ម៉ោង​ និង​រសៀល​២​ម៉ោង​ទេ។ ដំណេក​គួរ​តែ​ឲ្យ​ទៀង​ពេល​ជានិច្ច​ ដែល​ល្អ​បំផុត​នោះ​គឺ​ពី​ម៉ោង ២២ រហូត​ដល់​ភ្លឺ។
  3. ការ​បញ្ចេញ​កម្លាំង​៖ ត្រូវ​បញ្ចេញ​កម្លាំង​តាម​ការ​គួរ មិនច្រើន​ពេក​ មិន​តិច​ពេក​។ ការ​ដើរ​លេង​ៗ​ក្រោយ​ពេល​បរិភោគ​អាហារ​ និង​មុន​ចូល​ដំណេក​ជាការ​ប្រសើរ​ សម្រាប់​ជួយ​ឲ្យ​អាហារ​រលាយនិង​យឺត​សសៃ​។

បង្កើន​ការ​ខ្លាំង​ក្លា​នៃ​ខ្យល់​ដក​ដង្ហើម​

នេះ​គឺ​ជា​ប្រការ​ដ៏​សំខាន់​មួយ​នៃ​ការ​ហ្វឹកហាត់​មនោមយិទ្ធិ​។ ខ្យល់​ដង្ហើម​មិន​មែន​​មាន​ប្រយោជន៍​ត្រឹម​តែ​ទ្រទ្រង់​ជីវិត​នោះ​ទេ។ ខ្យល់​ដង្ហើម​ជា​អ្នក​ជួយ​បង្កើន​ថាមពល​​ដួង​ចិត្ត និងសសៃ​ប្រសាទ​។ អ្នក​ប្រាជ្ញ​មួយ​ចំនួន​អះអាង​ថា​ "នាពិភព​លោក​យើង​នេះ​ មាន​ថាមពល​នៅ​គ្រប់​ទី​កន្លែង​ ថាមពល​នេះ​កើត​ពី​ធាតុ​ផ្សេង​ៗ​ពី​រុក្ខ​ជាតិ និង​ដួង​តារា​ទាំង​ឡាយ​ក្នុង​ចក្រវាឡ​។ ហេតុ​ដូច្នេះ​ហើយ​កាលណា​យើង​ដក​ដង្ហើម​ធំ​ៗ​​ យើង​ស្រូប​យក​កម្លាំង​ទាំង​នោះ​ចូល​ក្នុង​ខ្លួន​យើង​ " ។ យើង​តែង​សង្កេត​ឃើញ​ថា​ កាលណា​មនុស្ស​ពិបាក​ចិត្ត​ស្មុគ​ស្មាញ​ មនុស្ស​យើង​តែង​ដក​ដង្ហើម​ធំ​ជានិច្ច​ ដើម្បី​ឲ្យ​យើង​មាន​កម្លាំង​តទល់​នឹង​បញ្ហា។ ដូច្នេះ​ការ​ដក​ដង្ហើម​ធំៗ ខ្លាំង​ៗ គឺ​ជា​វិធី​មួយ​សម្រាប់​បណ្តុះ​មនោមយិទ្ធិ​​ឲ្យ​កើត​ឡើង​បាន​ ចំណែក​វិធី​ហ្វឹកហាត់​បង្កើន​កម្លាំង​ខ្លាំង​ក្លា​នៃ​ខ្យល់​ដង្ហើម​មាន​ដូច​តទៅ​៖
  1. គ្រប់​ពេល​ត្រូវ​ដក​ដង្ហើម​វែង​និង​ជ្រៅ​ជានិច្ច​
  2. រាល់​ព្រឹក​ពេល​ក្រោក​ពី​ដំណេក​ ចូរ​ហ្វឹក​ហាត់​តាម​ចលនា​ខាង​ក្រោម​៖

ចលនា​ទី​១ សម្រប​ជើង​និង​ដៃ​ឲ្យ​ត្រង់​ បិត​មាត់​ឲ្យ​ជិត​ ហើយ​ដក​ដង្ហើម​ឲ្យ​វែង​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ឲ្យ​បាន​ច្រើន​ៗ​គ្រា​។

ចលនា​ទី​២ យក​ដៃ​ទាំង​ពីរ​អោប​​ពោះ​ដក​ដង្ហើម​ឲ្យ​វែង​ទាល់​តែ​ខ្យល់​ចូល​ពេញ​ពោះ ខណៈ​ដែល​ដក​ដង្ហើម​ចូល​ ព្យាយាម​ធ្វើ​ពោះ​ឲ្យ​ប៉ោង​ឡើង​ ហើយ​វេលា​ដក​ដង្ហើម​ចេញ​ព្យាយាម​ធ្វើ​ពោះ​ឲ្យ​ផត​ចុះ​ ដោយយក​ដៃ​ជួយ​សង្កត់​ផង​ក៏​បាន​។
ចលនាទី​៣ ជា​ចលនា​លំបាក​បំផុត​ និង​ជា​ប្រយោជន៍​ដល់​សួត​និង​ទ្រូង។ គឺ​យក​ដៃ​អោប​ពោះ​និង​ដក​ដង្ហើម​ចូល​ទាល់​តែ​ប៉ោង​ពោះ​ ដូច​ក្នុង​ចលនា​ទី​២​តែ​មិន​ដក​ដង្ហើម​ចេញ​ទេ​ ទុក​ខ្យល់​ក្នុង​ពោះ​ អោប​ឲ្យ​បាន​យូរ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្យល់​ដែល​ទុក​ក្នុង​ពោះនោះ មិន​មែន​ទុក​ចោល​ទទេៗ​ ទេ​ គឺ​ត្រូវ​ផត​ពោះ​បញ្ជូន​ខ្យល់​ឡើង​ទៅ​ទ្រូង​រហូត​ពេញ​ណែន​ទើប​លែង​មក​វិញ។ វិធី​នេះក៏​មាន​ប្រយោជន៍​នាំ​ខ្យល់​បរិសុទ្ធ​ចូល​ទៅ​ជម្រះ​សួត​ផង​ដែរ។​

បំរុង​សសៃ​ប្រសាទ

ការ​ហ្វឹកហាត់​ដែល​បាន​រៀប​រាប់​ខាង​លើ​ ធ្វើ​ឡើង​ដើម្បី​ដាស់​មនោមយិទ្ធិ​ឲ្យ​កើត​មាន​ក្នុង​ខ្លួន​យើង​។​ នៅ​ពេល​ដែល​មនោមយិទ្ធិ​កើត​មាន​ហើយ​ តើ​មនោមយិទ្ធិ​នោះ​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​ណា​? អ្នក​ប្រាជ្ញ​ចិត្តសាស្ត្រ​អះ​អាង​ថា​ មនុស្ស​យើង​មាន​កន្លែង​ទុក​​ថាមពល​ទាំង​នេះ​។ កន្លែង​នោះ​ហៅ​ថា សូលែរ៍ ប្លេច​ស៊ុល គឺ​ស្ថិត​នៅត្រង់​ម្តុំ​ចង្កេះ​ដែល​ជា​បណ្តុំ​សសៃ​ប្រសាទ​តូច​ៗ​​ចាក់​ស្រេះ​គ្នា​ដូច​សំណាញ់​។ សូលែរ៍​ប្លេច​​ស៊ុល​ នេះ​គឺ​ជា​ប្រជុំ​នៃ​ថាមពល​ និង​ជា​អ្នក​បែង​ចែក​កម្លាំង​ទៅ​គ្រប់​ទីកន្លែង​នៃរាង​កាយ​។ ហេតុ​នេះ​ហើយ​ទើប​ពេល​ធ្វើការ​ហត់​អស់​កម្លាំង​ យើង​តែង​មាន​អារម្មណ៍​ចុក​បរិវេណ​ចង្កេះ​ឡើង​មក​លើ។ សូលែរ៍​ប្លេចស៊ុល​ គឺ​ជា (១)​ គ្រឿង​រក្សាថាម​ពល​ទុក​ជា​មនោមយិទ្ធិ​ និង​(២)​គ្រឿង​ប្លែង​ក្រសែ​ចេញ​ទៅ​តាម​តម្រូវការ​របស់​មនុស្ស​ក្នុង​កាល​ប្រើ​មនោមយិទ្ធិ។ ហេតុ​នេះ​សសៃ​ប្រសាទ​ទើប​ជា​របស់​ត្រូវ​បំរុង​មួយ​ផ្នែក​ទៀត។

វិធី​បំរុង​សសៃ​ប្រសាទ​មាន​ ២ វិធី​ គឺ​
វិធីទី​១​ បំរុង​សៃ​ប្រសាទ​ភាគ​ធំ​ៗ​ឲ្យ​ទន់​ល្វន់​ជានិច្ច
វិធី​ទី​២​ ដាស់​សសៃ​ប្រសាទ​ភាគ​តូច​ៗ​សព្វ​សាព៌ាង្គ​កាយ​ឲ្យ​ភ្ញាក់​ឡើង​សម្រាប់​ទទួល​បំរើ​ប្រតិបត្តិការ​តាម​បញ្ជា​របស់​ដួង​ចិត្ត។

(សូម​ស្វែង​យល់​បន្ថែមអំពី​របៀប​ហាត់​បំរុង​សសៃ​ប្រសាទ​​ក្នុង​សៀវភៅ​ មនោមយិទ្ធិ​)

ហាត់​ចិត្ត​ឲ្យ​ជា​សមាធិ​

ការ​ធ្វើ​ចិត្ត​ឲ្យ​ជា​សមាធិ​នោះ​ ជាការ​ចាំបាច់​សម្រាប់​កិច្ចការ​គ្រប់​យ៉ាង​ក្នុង​រឿង​មនោមយិទ្ធិ​។ (សូម​ស្វែង​យល់​បន្ថែមអំពី​របៀប​ហាត់ចិត្ត​ឲ្យ​ជា​សមាធិ​​​ក្នុង​សៀវភៅ​ មនោមយិទ្ធិ​)

ហាត់​ប្រើ​ការ​គិត​ប្រកប​ខ្សែ​ភ្នែក​

មនោម​យិទ្ធិ​ដែល​កើត​មាន​ក្នុង​ខ្លួន​ហើយ​ កាល​បើ​ត្រូវប្រើ​នឹង​ផ្សាយ​ចេញ​ច្រើន​បំផុត​តាម​២​កន្លែង​ គឺ​ទី​១​តាម​​កែវ​ភ្នែក​ និង​ទី​២​តាម​ចង្អុល​ដៃ​។ ការ​ប្រើ​ចង្អុល​ដៃ​ទៅ​ចង្អុល​អ្នក​ដទៃ​ពុំ​មែន​ជា​កិរិយា​គួរ​ធ្វើ​ទេ​ ហើយ​ក៏​អាច​នឹង​បង្ក​ឲ្យ​ខាត​ប្រយជន៍​។ ហេតុ​នេះ​ការ​ប្រើ​ខ្សែ​ភ្នែក​ គឺ​ជា​រឿង​សម​ស្រប​បំផុត​។ គេត្រូវ​ហាត់​គិត​ប្រកប​នឹង​ខ្សែ​ភ្នែក​ជា​ដរាប​។ មិន​ថា​វេលា​ណា​ទេ​ពេល​ជួប​ប្រាស្រ័យ​ទាក់​ទង​នឹង​ជន​ណា​ម្នាក់​ គេ​ត្រូវ​សំលឹង​ឲ្យ​ចំ​ភ្នែក​របស់​ជន​នោះជានិច្ច។ កែវ​ភ្នែក​ជា​កញ្ចក់​ឆ្លុះ​បេះ​ដូង​ កែវ​ភ្នែក​សំលឹង​ដោយ​ក្តី​ស្រឡាញ់​ ខុស​គ្នា​ពី​កែវ​ភ្នែក​ដែល​សំលឹង​ដោយ​កំហឹង​។ ចូរ​សាកល្បង​មើល​ខ្លួន​ឯង​ក្នុង​កញ្ចក់​ ហើយ​ផ្លាស់​ការ​គិត​ ដោយ​នឹក​​ដល់​មនុស្ស​ជា​ទី​គោរព មនុស្ស​ជា​ទីស្រឡាញ់ មនុស្ស​ដែល​យើង​ស្អប់ ឬ​មនុស្ស​ដែល​យើង​ត្រូវ​បង្គាប់​។ នោះ​យើង​នឹង​ឃើញ​កែវ​ភ្នែក​របស់​យើង​ផ្លាស់​ប្តូរ​តាម​ការ​គិត​នីមួយៗ​។ យើង​ត្រូវ​ហាត់​ការ​គិត​ឲ្យ​ប្រកប​នឹង​ខ្សែ​ភ្នែក​គ្រប់​ពេល។

ការ​រក្សា​ទុក​មនោមយិទ្ធិ​ដែល​កើត​មាន​ហើយ​

ការ​ហ្វឹកហាត់​តាំង​ពី​ថ្នាក់​ទី​១​រហូត​ដល់​ថ្នាក់​ទី​៧ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ បង្កើត​ឲ្យ​មាន​មនោមយិទ្ធិ​រក្សា​ទុក​ក្នុ​ង​ខ្លួន​សម្រាប់​ប្រើ​ពេល​ចាំបាច់។​ មនោមយិទ្ធិ​ ប្រៀប​បាន​ដូច​ជា​ទ្រព្យ​សម្បត្តិ​ទូទៅ​ដែរ​ ពោល​​គឺ​គេ​រក​មក​​សម្រាប់​ចាយ​វាយ​នៅ​ពេល​ណា​មួយ​ ហើយ​គេ​ក៏​ត្រូវ​តែ​មាន​វិធី​រក្សា​វា​ទុក​ឲ្យ​បាន​គង់​វង្ស​ដែរ​។​

វិធី​ស្ងួន​រក្សា​មនោមយិទ្ធិ​មាន​​៤​ប្រការ​
  1. ព្យាយាម​សង្កត់​សេចក្តីក្រោធ៖ សេចក្តី​ក្រោធ​ធ្វើ​ឲ្យ​មនុស្ស​បង្ខាត​ថាមពល​ឥត​ប្រយោជន៍​ និង​ជួន​កាល​បង្ក​ជា​ទោស​ដល់​ខ្លួន​ឯង​។ សេចក្តី​ក្រោធ​ធ្វើ​ឲ្យ​ថាម​ពល​ផ្សាយ​ចេញ​ច្រើន​ហួស​ប្រមាណ។ យើង​តែង​សង្កេត​ឃើញ​ថា​ពេល​មនុស្ស​ខឹង​មិន​ដឹង​ជា​ថាម​ពល​មក​ពី​ណា​ទេ លុះ​ពេល​អស់​កំហឹង​ទៅ​វិញ​ក៏​អស់​កម្លាំង​ទន់​ដៃ​ទន់​ជើង​។​
  2. និយាយ​ឲ្យ​តិច វៀរចាក​និយាយ​ច្រើន៖ ការ​និយាយ​តាម​បែ​ប​ធម្មតា​មិនសូវ​ធ្វើ​ឲ្យ​អស់​កម្លាំង​ពី​ក្នុង​ខ្លួ​ន​ប៉ុន្មាន​ទេ​។ ការ​និយាយ​​២​ប្រភេទ​ដែល​ធ្វើ​ឲ្យ​អស់​កម្លាំង​គឺ​ (១) ការ​និយាយ​រឿង​អាថ៌​កំបាំង និង​ (២) ការ​និយាយ​ជជែក​យក​ឈ្នះ​ចាញ់​។ ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ​ ការ​និយាយ​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ឲ្យ​ខាត​កម្លាំង​មនោមយិទ្ធិ ហេតុនេះ​ទើប​អ្នក​និយាយ​ច្រើន​មាន​អ្នក​កោត​ក្រែង​តិច ចំណែក​ឯ​អ្នក​និយាយ​តិច​ត្រឡប់ជា​មាន​អ្នក​កោត​ក្រែង​ច្រើន​។
  3. ព្យាយាម​រក្សា​ការ​ស្ងប់​កាយ៖ អាការៈ​ច្រលេម​ច្រលឹម​ បង្ខាត​ថាម​ពល​ឥត​ប្រយោជន៍​។
  4. ធ្វើការ​​វិវេគ៖ ទស្សនវិទូ​ពោលថា​ ក្នុង​ពេល​ដែល​យើង​ធ្វើការ​ច្រើន​នោះ ខ្លួន​របស់​យើង​ចេញ​ពី​ខ្លួន​យើង​ ហើយ​ចាំ​បាច់​ត្រូវ​ហៅ​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​យើង​វិញ​ ការ​ហៅ​ខ្លួន​របស់​យើង​ចូល​មក​ក្នុង​ខ្លួន​យើង​ជា​ថ្មី​នេះ​ហៅ​ថា "​ធ្វើការ​វិវេគ"​ ។  ចូរ​ដេក​សណ្តូក​ឲ្យ​រាងកាយ​គ្រប់​ផ្នែក​បាន​សម្រាក​ ហើយ​បើក​ភ្នែក​ព្រឹម​ៗ​មើល​ទៅ​ចុង​ជើង​របស់​ខ្លួន​ ព្យាយាម​បណ្តុះ​មនោគតិ​ហាក់​ដូច​ជា​យើង​ហៅ​ខ្លួន​យើងដែល​​ចេញ​ទៅ​ពី​ខ្លួន​យើង​នោះ​ ត្រឡប់​ចូល​ក្នុង​ខ្លួន​ជាថ្មី​។ ធ្វើ​ដូច្នេះ​រហូត​ដល់​យើង​គិត​ថា​ខ្លួន​យើង​ចូល​វិញ​ល្មម​គ្រប់គ្រាន់​ហើយ​ ចូរ​បិទ​ភ្នែក​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ មិន​គិត​ដល់​អ្វីទាំង​អស់ គ្មាន​អ្វីជា​អារម្មណ៍​ទាំង​អស់​។ ការ​ធ្វើ​ដូច្នេះ​ត្រឹម​៥​នាទី​ នឹង​មាន​ផល​ប្រហែល​គ្នា​នឹង​ដេក​លក់​៥​ម៉ោង​ ព្រោះ​ដល់​បាន​ធ្វើ​ស្រេច​បាច់​ យើង​នឹង​មាន​កម្លាំង​ បាត់​នឿយ​ហត់​ វិធី​នេះ​ហៅ​ថា ធ្វើការ​វិវេគ។

សៀវភៅ​មនោមយិទ្ធិ​ រៀបរៀង​ដោយ ស៊ា ប៊ុន​ភេង​ បោះពុម្ព​ នៅ​ព.ស ២៥១៧ គ.ស ១៩៧៣


By: Bora
Your Visit is Your Help

Reference: salarean.com
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment