ត្រូវ​មាន​ផ្លូវ​ពីរ​ជានិច្ច


មេរៀន​ជីវិត​មួយ​ដែល​គេ​អាច​រៀន​សូត្រ​ពីសត្វ​កណ្តុរ​បាន​គឺ​ នៅពេល​ធ្វើ​រន្ធ​កណ្តុរ​តែង​មាន​រន្ធ​ចេញ​យ៉ាង​ហោច​ណាស់​ក៏​ពីរ​ដែរ។​ ប្រសិន​បើ​មនុស្ស​ចង់​ចាប់​កណ្តុរ​​ឲ្យ​បាន​គេ​ត្រូវ​តែ​ស្វែង​រក​រន្ធ​ចេញ​ទាំង​អស់​របស់​វា​ឲ្យ​ឃើញ​។ បើ​រក​មិន​ឃើញ​អស់​ទេ​ កុំ​ស្មាន​ថា​ចាប់​កណ្តុរ​បាន​ឲ្យ​សោះ។ ជីវិត​រស់​នៅ​
របស់​មនុស្ស​យើង​ក៏​ដូច​គ្នា​ ប្រសិន​បើ​មិន​ចង់​ឲ្យ​ជាប់​អន្ទាក់​ជីវិត​ ឬ​មិន​ចង់​​ឲ្យ​ស្ថិត​ក្រោម​អំណាច​គាប​​សង្កត់​របស់​បុគ្គល​ណាម្នាក់​ទេ​ គេ​ត្រូវ​សាង​ផ្លូវ​ក្រោយ​ទុក​សម្រាប់​ខ្លួន​ឯង​ជានិច្ច​។ ជារៀង​រាល់​ថ្ងៃ​ គេ​គួរ​ខិត​ខំ​សាង​ផ្លូវ​បម្រុង​ឲ្យ​មាន​ស្ថេរភាព​ ពោល​គឺ​ក្នុង​ករណី​ផ្លូវ​ធំ​ដើរ​លែង​បាន​ គេ​អាច​ដើរ​ផ្លូវ​តូច​ដែល​គេ​សាង​ឡើង​ដោយ​ខ្លួន​ឯង​បាន​។ នេះ​ជា​វិធីសាស្ត្រ​មួយ​នាំ​ឲ្យ​ជីវិត​ឯករាជ្យ និង​គេច​ផុត​ពី​​ស្ថានភាព​គ្មាន​ជម្រើស​ 
ឧទាហរណ៍​មួយ​នៃ​ការ​សាង​ផ្លូវ​បម្រុង​៖ លោក​ សុខ ជា​បុគ្គលិក​ឆ្នើម​ម្នាក់​របស់​ក្រុមហ៊ុន​នាំ​ចេញ​នាំ​ចូល​។ គាត់​ទទួល​បន្ទុក​​ផ្នែក​ឃ្លាំង​ និង​ជា​អ្នក​រក​ទីតាំង​ជួល​ឃ្លាំង​សម្រាប់​ស្តុក​ទុក​ទំនិញ​របស់​ក្រុមហ៊ុន​។ តាមរយៈបទ​ពិសោធន៍​ការងារ​យូរ​ឆ្នាំ​ លោក​ សុខ​ អាច​រក​បាន​ឃ្លាំង​ជួលបាន​​ត្រឹម​តែ​រយៈ​ពេល​មួយ​ប៉ប្រិច​ភ្លែក ពោល​គឺ​គ្រាន់​តែ​ចុច​ទូរស័ព្ទ​ទៅ​មិត្ត​ពីរ​ឬ​បី​នាក់​គាត់​អាច​រក​បាន​ទីតាំង​ជួល​ឃ្លាំង​ដ៏​ល្អ​ភ្លាម​។ ចៅហ្វាយ​នាយ​តែង​ទុក​ចិត្ត​និង​ប្រគល់​ការងារ​សំខាន់​ៗ​ឲ្យ​គាត់​កាន់​ជា​និច្ច។ ថ្ងៃ​មួយ​ជា​ភព្វ​សំណាង​មិន​ល្អ​ លោក​ សុខ ស្ទើរ​តែ​ត្រូវ​បាន​បញ្ឈប់​ពីការងារ​ដោយ​សារ​ទំនាស់​ពាក្យ​សំដី​​អំពី​រឿង​កំប៉ិច​កំប៉ុក​ជាមួយ​ចៅហ្វាយ​នាយ​។ រឿង​មួយ​នេះ​ធ្វើ​ឲ្យ​ គាត់​ភ្នាក់​ខ្លួន​ព្រឺត​ ហើយ​ចោទ​សួរ​ខ្លួន​ឯង​ថា​ប្រសិន​បើ​គ្មាន​ការងារ​សព្វ​ថ្ងៃ​នេះ​ទេ​ តើ​ខ្ញុំ​បាន​ប្រភព​ចំណូល​មក​ពី​ណា​ចិញ្ចឹម​ជីវិត។ គាត់​​ ចាប់​ផ្តើម​មើល​ឃើញ​ថា​ជីវិត​ហាក់​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ការងារ​ដែល​ជា​ប្រភព​ចំណូល​តែមួយ​គត់​។ ស្រាប់​តែ​ភ្លាម​នោះ​ហាក់​ដូច​ជា​មាន​អ្វី​ម្យ៉ាង​មក​បណ្តា​ចិត្ត​គាត់​ថា ហេតុអ្វី​ត្រូវ​ពឹង​តែ​លើ​ចំណូល​មួយ​ប្រភព ហេតុ​មិន​ព្រម​បង្កើត​ចំណូល​​ពី​ប្រភព​ផ្សេង​ទៀត​ ។ អស់​រយៈពេល​ពេញ​មួយ​សប្តាហ៍​គាត់ព្យាយាម​ស្វែង​រក​វិធីថ្មី​បង្កើត​ចំណូល​។ ទី​បំផុត​គាត់​រក​ឃើញ​ថា​ គាត់​អាច​រកចំណូល​​ពី​វិស័យ​អចលនទ្រព្យបាន​ដោយ​ឆ្លៀត​ពេល​ធ្វើ​​​នៅ​ចុង​សប្តាហ៍​ ​ព្រោះ​គាត់​ស្គាល់​គេ​ឯង​ច្រើន​កាល​ពី​ពេល​ស្វែង​រក​ឃ្លាំង​ស្តុក​ទំនិញ​​។ ចាប់​ពី​ពេល​នោះ​មក​ គាត់​តែង​ពង្រឹង​បណ្តាញ​ទំនាក់​ទំនង​ផ្នែក​អចលន​ទ្រព្យ​ និង​ចំណាយ​ពេល​រៀង​រាល់​ចុង​សប្តាហ៍​ធ្វើ​ជា​ឈ្នួញ​កណ្តាល​នាំ​អ្នក​ទិញ​ទៅ​ជួប​អ្នក​លក់​។ ត្រឹម​តែ​រយៈ​ពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ កម្រៃ​ដែល​បាន​មក​ពី​សេវាកម្ម​ចុង​សប្តាហ៍​ មាន​បរិមាណ​ច្រើន​ជាង​ប្រាក់​ខែ​នៅ​ក្រុមហ៊ុន​នាំ​ចេញ​នាំ​ចូល​ពីរ​ដង​។ លោក​ សុខ​ នៅ​តែ​បន្ត​ស្វែង​រក​ប្រភព​ចំណូល​ថ្មី​ៗ​បន្ថែម​ទៀត​ពី​លើ​ការងារ​និង​សេវាកម្ម​បច្ចុប្បន្ន​។ គាត់​គ្មាន​ភ័យ​ព្រួយ​អ្វី​បន្តិច​សោះ​ថា​ការងារ​នៅ​ក្រុមហ៊ុន​នាំ​ចេញ​នាំ​ចូល​នឹង​មាន​ស្ថេរភាព​ឬ​អត់​ ពីព្រោះ​គាត់​បាន​សាង​ផ្លូវ​ថ្មី​មួយ​ទុក​សម្រាប់​ដើរ​រួច​ជា​ស្រេច​ទៅ​ហើយ។​
គ្រប់​កាលៈ​ទេសៈ​ គេ​ត្រូវ​បង្កើត​ផ្លូវ​យ៉ាង​ហោច​ណាស់​ពីរ​សម្រាប់​ខ្លួន​ឯង។
By: Rika
Your Visit is Your Help

Reference: salarean.com

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment