ខាងក្រោមនេះ គឺជាសារៈប្រយោជន៍នៃការងារ ដែលអ្នកបំពេញបាននៅផ្ទះ ៖
១. អ្នកអាចសន្សំសំចៃ និង កាត់បន្ថយការចំណាយរបស់អ្នក
នៅពេលដែលអ្នក ត្រូវចេញទៅធ្វើការខាងក្រៅផ្ទះ ឬ ទៅកាន់ការិយាល័យការងារណាមួយ នោះអ្នកត្រូវចំណាយលុយ និង ពេលវេលានៅក្នុងការធ្វើដំណើរ។ ជាមួយនឹងការធ្វើការងារ តាមប្រព័ន្ធអនឡាញ នោះអ្នកនឹង អាចជួយសន្សំ និង កាត់បន្ថយនូវការចំណាយទាំងនេះ ព្រមទាំងរក្សាបាននូវ សុវត្ថិភាព ផ្ទាល់ខ្លួនផងដែរ។ មិនត្រឹមតែប៉ុននោះ អ្នកក៏មិនចាំបាច់ចំណាយលើ អាហារនៅខាងក្រៅផ្ទះនោះដែរ។
២. អ្នកអាចធ្វើការនៅទីកន្លែងណាក៏បាន
នៅពេល ដែលអ្នកត្រូវបំពេញការងារអនឡាញ នោះអ្នកអាចជ្រើសរើស បានរាល់ទីកន្លែងណា ក៏បាន ដែលអ្នកគិតថា វាផ្តល់អោយអ្នកនូវភាពស្ងប់ស្ងាត់ មានអារម្មណ៍ធូរស្រាល និង មានសេរីភាព តាមដែលអ្នកចង់បាន។
៣. អ្នកមិនចាំបាច់ស្លៀកពាក់តាមឯកសណ្ឋានការងារ
អ្នកប្រាកដជា មិនចាំបាច់ចំណាយ លើការកាត់សំលៀកបំពាក់ ជាផ្លូវការ សម្រាប់តំណែងការងារមួយចំនួន ដែលសាកសមទៅនឹងការិយាល័យក្រុមហ៊ុន។ អ្នកអាច ស្លៀកពាក់អ្វីក៏បាន តាមអ្វីដែលអ្នកចង់ និង ចូលចិត្ត។ ចំណុចនេះ ក៏នឹងជួយសន្សំសំចៃ ក្នុងការចំណាយរបស់អ្នក បានមួយកម្រិតដែរ ។
៤. រក្សាបាននូវតុល្យភាព រវាងស្ថានភាពក្រុមគ្រួសារ និង ការងារ
ស្ត្រីដែល ត្រូវបម្រើការងារនៅក្នុងការិយាល័យ នឹងមានការប្រឈម នឹងបញ្ហាមួយចំនួន ទាក់ទងនឹងការ រក្សាតុល្យភាព រវាងការងារ និង ការថែទាំក្រុមគ្រួសារ។ ប៉ុន្តែសម្រាប់ស្ត្រី ដែលធ្វើការតាមប្រព័ន្ធអនឡាញនេះ នឹងអាចចំណាយពេល បានប្រសើរ ក្នុងការបំពេញការងារក្នុងផ្ទះ និង ផ្តល់នូវការយកចិត្ត ទុកដាក់បាន ជាពិសេសចំពោះកូនៗ របស់ពួកគេ។
៥. មិនសូវប្រឈមនឹងបញ្ហាស្ត្រេស ឬ សម្ពាធការងារ
នៅពេលដែលអ្នក អាចធ្វើការនៅផ្ទះ នោះអ្នកមិនចាំបាច់ ចំណាយពេលវេលា រួសរាន់ក្នុងការធ្វើការដំណើរ មកកាន់ការិយាល័យ អោយទាន់ពេលនោះទេ។ អ្នកអាចធ្វើការគ្រប់គ្រងនូវ ម៉ោងធ្វើការបានដោយខ្លួនឯង ។ អ្នកអាចរក្សាលំនឹង ស្ថានភាពនៃជីវិតការងារ និង ជីវិតផ្ទាល់ខ្លួនរបស់អ្នក។ កត្តាទាំងនេះ នឹងអាចកាត់បន្ថយកម្រិតស្ត្រេសនៃការងារ នេះក៏ដោយសារតែមជ្ឈដ្ឋានការងារ របស់អ្នកមានផាសុខភាព និង សេរីភាពគ្រប់គ្រាន់ ដោយអ្នក មិនចាំបាច់រងសម្ពាធ ពីមិត្តរួមការងារណាម្នាក់ឡើយ ។
៦. អ្នកអាចរំពឹងទុកនូវលទ្ធផលការងារដ៏ល្អមួយ
នៅពេលដែលកត្តា ដែលបណ្តាលអោយអ្នកមានស្ត្រេស និង សម្ពាធការងារ ត្រូវបានកាត់បន្ថយ ឬ លុបបំបាត់ នោះអ្នកនឹងអាច ផ្តោតអារម្មណ៍បានយ៉ាងល្អ ទៅលើការងាររបស់អ្នក។ ហេតុដូចនេះអ្នកនឹងទទួលបាននូវ សម្មិតទ្ធិផលការងារដ៏ល្អមួយ ជាក់ជាមិនខានឡើយ ៕
By: Rika
Your Visit is Your Help
Reference: health.com.kh
0 comments:
Post a Comment