ដើម្បីឲ្យអ្នកទាំងអស់គ្នារៀនពូកែនោះ វាអាស្រ័យលើវិធីរៀនផ្សេងៗជាច្រើន និងការឧស្សាហ៍ព្យាយាមហ្វឹកហាត់ អត់ធ្មត់និងព្យាយាមជានិច្ច។ ក្នុងនោះយើងនិងលើកយកវិធី៨យ៉ាងដែលអាចធ្វើឲ្យអ្នកទាំងអស់គ្នាក្លាយជាសិស្សពូកែប្រចាំថ្នាក់ សាលា ឬក៏ប្រទេសបាន។ ខាងក្រោមនេះជាវិធីមួយចំនួន សំរាប់អ្នកធ្វើការប្រតិបត្តិនិងដាក់ផែនការ ដើម្បីធ្វើឲ្យយើងរៀនពូកែ ៖
១. ការត្រៀមខ្លួនមុនទៅសាលារៀន ៖
ចំនុចនេះជាចំនុចសំខាន់ដែលយើងទាំងអស់គ្នាមិនអាចមើលរំលងបាន យើងត្រូវចេះ គ្រប់គ្រងពេលវេលានៃការចូលគេង ជាទូទៅក្រោយពីការរៀននៅសាលាហើយ យើងមានរៀនគួរបន្ថែមម៉ោង មួយម៉ោងឬពីរម៉ោងទៀត ឬរៀនអ្វីផ្សេងៗទៀត ពេលមកដល់ផ្ទះញ៉ាំបាយ ងូតទឹក ធ្វើកិច្ចការសាលា អានសៀវភៅរំលឹកមេរៀន ហើយអ្នកមិនគួរចូលគេងលើសពីម៉ោង ១១ យប់ទេ។
» មូលហេតុដែលនាំឲ្យយើងចូលគេងលើសម៉ោងគឺ ៖
- អាចមកពីចេញពីរៀនហើយ ដើរលេងមិនប្រញ៉ាប់ត្រឡប់ទៅផ្ទះ
- អាចរវល់តែលេងហ្គេម តែបើលេងដើម្បីបន្ធូរអារម្មណ៍នោះមិនគួរលេងវាលើសពីកន្លះម៉ោង ហើយមិនគួរលេងវារាល់ថ្ងៃ ព្រោះវាអាចធ្វើឲ្យយើងក្លាយជាទម្លាប់។
- លេង Masenger និង Facebook ដើម្បីជជែករឿងឥតប្រយោជន៍ នឹងធ្វើឲ្យយើងមិនបានមើលពេលវេ លា ហើយក្លាយជាទម្លាប់។
- មើលទូរទស្សន៍បណ្តើរ ធ្វើកិច្ចការសាលាបណ្តើរ
- កិច្ចការសាលាធ្វើមិនហើយ បន្សល់ទុកច្រើន ហើយមកសរុបធ្វើនៅពេលជិតដល់ថ្ងៃប្រគល់ឲ្យគ្រូ។ល។ ប្រសិនបើយើងជៀសវាងអ្វីដែលពោលមកពីខាងលើនេះបាននោះ សុំឲ្យអ្នកចូលគេង ឲ្យត្រូវពេលរាល់ថ្ងៃ ដើម្បីឲ្យក្លាយជាទម្លាប់ ហើយពេលងើបពីគេងនូវពេលព្រឹក ហាម គេងបន្ត ហើយកុំភ្លេចញ៉ាំអាហារពេលព្រឹកមុនទៅសាលារៀន។
២. នៅក្នុងបន្ទប់រៀនក៏ជាចំនុចសំខាន់ ៖
- ព្យាយាមរកកន្លែងអង្គុយខាងមុខ ឲ្យបានជិតគ្រូបំផុត
- ប្រសិនបើជ្រើសរើសកន្លែងអង្គុយមិនបាន ហើយត្រូវអង្គុយក្រោយ ហាមលេងជាមួយមិត្តភក្តិជិតខាងក្នុងម៉ោងរៀន កុំឲ្យគេបបួលឬនាំគេនិយាយធ្វើឲ្យខូចសមាធិក្នុងការរៀន។
- ប្រសិនបើអង្គុយជិត បង្អូចឬទ្វារ កុំចាប់អារម្មណ៍និងបរិយាកាសខាងក្រៅ។
- មិនត្រូវខ្លាចពេលដែលគ្រូសួរ ប្រសិនបើយើងតាំងចិត្តរៀនសូត្រ និងត្រៀមខ្លួនមកគ្រប់យ៉ាងហើយនោះ វាធ្វើឲ្យយើងមានទំនុកចិត្តលើខ្លួនឯងនៅពេលគ្រូសួរ។
- នៅពេលមានចំនុចសង្ស័យ ចូរលើកដៃសួរគ្រូភ្លាម មិនត្រូវខ្លាចខ្មាស់មិត្តភក្ត។
៣. ត្រចៀកស្តាប់ ភ្នែកមើល ដៃសរសេរ ៖
- មានសមាធិក្នុងការស្តាប់។
- មើលអ្វីដែលគ្រូសរសេរលើក្តារខៀន ហើយប្រញ៉ាប់កត់ត្រាទុកក្នុងសៀវភៅ។
- មិនគួរស្តាប់បណ្តើរ សរសេរបណ្តើរ វាធ្វើឲ្យយើងស្តាប់រំលងចំនុចសំខាន់ៗ យើងគួរស្តាប់ឲ្យយល់សិនទើបកត់ត្រាទុកជាការប្រសើរ។
៤. ម៉ោងបន្ទាប់យើងត្រូវធ្វើយ៉ាងដូចម្តេច?
- កុំប្រញ៉ាប់យកសៀវភៅកំណត់ត្រាទុករបស់យើងទុក សូមកត់ត្រានូវចំនុចគោលៗថាថ្ងៃនេះយើងបានរៀនអ្វីខ្លះ នៅក្នុងសៀវភៅមួយក្បាលទៀត ដើម្បីយកទៅរំលឹកសារឡើងវិញនៅផ្ទះ។
- កត់ត្រាសំនួរខ្លីៗ នូវចំនុចដែលយើងមិនទាន់យល់ទុកដើម្បីកុំឲ្យភ្លេច ទុកសួរគ្រូនូវម៉ោងក្រោយ គឺពេលដែលយើងរៀនម៉ោងជាមួយគាត់ទៀត។
- បំភ្លេចរាល់បញ្ហា និងក្តីកង្វល់ដែលយើងមាននូវពេលរៀនម៉ោងមុនឲ្យអស់ ដើម្បីកុំឲ្យខូចសមាធិនូវពេលរៀនម៉ោងបន្ទាប់។
៥. មូលដ្ឋាន គោលបំណងរបស់មេរៀន ៖
វិធីរៀបរៀងអត្ថន័យ មានភាពចាំបាច់ប្រសិនបើយើងដឹងពីគោលបំណងរបស់មុខវិជ្ជាដែលយើងកំពុងរៀននោះ នឹងធ្វើឲ្យយើងមានទិសដៅនៃការរៀន ប្រៀបដូចជាមានផែនទីដែលចាំចង្អុលប្រាប់ថាយើងគួរដើរទៅទិសខាងណា ហើយវាក៏អាចចូលរួមឲ្យយើងជ្រើសរើសទិញសៀភៅទុកអានបានត្រឹមត្រូវ បន្ថែមផងដែរ។
៦. ព្យាយាមស្តាប់គ្រូប្រាប់ កន្លែងណាឲ្យយើងចំណាំ ឬសំគាល់ ៖
- ស្តាប់គ្រូឲ្យច្បាស់ ត្រង់ណាដែលគ្រូសង្កត់ពាក្យ ដោយនិយាយច្បាស់លាស់និងម៉ឹងម៉ាត់។
- កន្លែងណាដែលគ្រូនិយាយពីរដង
- ចំនុចដែលគ្រូនិយាយថាចេញក្នុងពេលប្រឡងញឹកញាប់
- របៀបដោះស្រាយដែលគ្រូពន្យល់មក គឺប្រាប់ដោយប្រយោលពីរបៀបដោះស្រាយលំហាត់ប្រលង។ល។
៧. សង្កេតរបៀបនៃការបង្រៀន ៖
- ប្រសិនបើគ្រូចូលចិត្តឲ្យសួរ ត្រូវត្រៀមសំនួរទុកសួរគ្រូជាមុន
-ប្រសិនបើគ្រូចូលចិត្តបង្រៀនទៅជារឿយៗ មិនចាប់អារម្មណ៍ថាសិស្សតាមទាន់ ឬមិនទាន់នោះ គួរសួរបង្អាក់ទៅគ្រូមុនក៏បាន ឬមួយយើងត្រូវស្វែងរកចំនុចសំខាន់ដោយខ្លួនយើង រួចទុកសួរគ្រូនៅក្រៅម៉ោងវិញ។
-បើសិនជាគ្រូធ្វើការបកស្រាយគួរឲ្យធុញទ្រាន់ ស្តាប់ហើយងងុយដេក ចូរអ្នកផ្លាស់ប្តូរការគិតជាថ្មីថា ជាការហាត់ឲ្យយើងជាអ្នកស្វែងរកចំនុចសំខាន់ៗនៃមេរៀន ហើយក៏ជាការហាត់ភាពអត់ធ្មត់របស់សិស្ស ត្រូវតែប្រាប់ខ្លួនឯងថាត្រូវតែធ្វើជាមនុស្សពូកែសង្កេតឲ្យបាន ដូចជាអ្នកកំពុងលេងហ្គេមអ្នកស៊ើបការជាដើម។
-កុំមានអគតិជាមួយគ្រូបង្រៀន ព្រោះវាធ្វើឲ្យការរៀនរបស់យើងនោះមានការធុញទ្រាន់ ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការប្រលង ការតាំងចិត្ត ការយល់របស់យើងក្នុងកំឡុងពេលរៀនមុខវិជ្ជានោះ។
៨. រៀនឲ្យយល់ យកមកប្រើប្រាស់ដើម្បីប្រលងឲ្យជាប់ ៖
ស្តាប់មើលទៅដូចជាល្អ ដែលខំប្រឹងប្រែងរៀនដោយយកចិត្តទុកដាក់ តែតាមការពិតនោះ ពេលប្រឡងជាប់មុខវិជ្ជានោះហើយ ក៏មានន័យថាតួនាទីយើងសំរាប់មុខវិជ្ជានោះចប់ហើយ មិនចាំបាច់ត្រូវយល់អត្ថន័យរបស់វាតទៅទៀត ប្រសិនបើមានរៀនមុខវិជ្ជាដែលទាក់ទងនិងវាទៀត ទើបរំលឹកឡើងវិញដើម្បីបានប្រលងជាប់សារជាថ្មី ទាំងអស់នេះជាការគិតខុស។ ការស្វែងយល់ដ៏ក្បោះក្បាយមានប្រយោជន៍សំរាប់អនាគត សំរាប់ដំណើរជីវិតរបស់យើង ប្រសិនបើគិតបែបនេះនឹងធ្វើឲ្យយើងមានសមត្ថភាព វិភាគ អធិប្បាយ សរុបសេចក្តីបានយ៉ាងម៉ត់ចត់ ដូច្នេះហើយ ការរៀនគឺមិនមែនជាការទន្ទេញឲ្យចាំសំរាប់ធ្វើការប្រលងតែម្យ៉ាងប៉ុណ្ណោះទេ។
ចម្លងនិងកែសម្រួលពី :
មជ្ឈមណ្ឌលសិក្សាតាមអេឡិចត្រូនិកកម្ពុជា
និពន្ធដោយ : ម៉ាន់ ច័ន្ទឌី
By: Rika
Your Visit is Your Help
0 comments:
Post a Comment